Pages

Introduction of Cancer


ជម្ងឺមហារីក 
តើជម្ងឺមហារីកគឺជាអ្វី? 


ជម្ងឺមហារីកគឺជាការលូតលាស់និងរាលដាលនៃកោសិកាដែលមិនអាចគ្រប់គ្រងបាន ដែលអាចប៉ះពាល់ស្ទើរគ្រប់ផ្នែកទាំងអស់នៃរាងកាយ។ លក្ខណៈពិសេសមួយនៃជម្ងឺមហារីក គឺការកើតឡើងវិញយ៉ាងឆាប់រហ័សនូវកោសិកាមិនធម្មតាដែលលូតលាស់ហួសពីព្រំដែន របស់វានិងមាននិន្នាការការឈ្លានពានដល់ផ្នែកដែលនៅជិតខាងក្នុងរាងកាយនិងរាលដាល ដល់សរីរាង្គដទៃទៀត។ ដំណើរការនេះហៅថាការឆ្លងរាលដាល (Metastasis) Metastasis គឺជាមូលហេតុចម្បងនៃការស្លាប់ក្នុងជម្ងឺមហារីក។

តើនរណាខ្លះអាចកើតជម្ងឺមហារីក? 

ជម្ងឺមហារីកអាចកើតលើមនុស្សគ្រប់រូប គ្រប់វ័យ គ្រប់ភេទ និងគ្រប់សាសន៍។ 

តើជម្ងឺមហារីកលូតលាស់យ៉ាងដូចម្តេច? 

សរីរាង្គនៅក្នុងរាងកាយយើងត្រូវបានបង្កើតឡើងពីកោសិកាជាច្រើន។ កោសិកាទាំងនេះ មានការបំបែកនិងលូតលាស់តាមដែលរាងកាយរបស់យើងត្រូវការ។ នៅពេលកោសិកាទាំងនេះ បន្តលូតលាស់ដោយមិនចាំបាច់ ខណៈដែលរាងកាយមិនត្រូវការវានោះលទ្ធផលគឺការបង្កើត បានជាដុំមួយ។ ដុំទាំងនេះអាចជាដុំស្លូត (Benign) ឬដុំសាហាវ (Malignant) ។ ដុំស្លូតគឺជាដុំដែល មិនមែនជាមហារីក ឯដុំសាហាវគឺជាដុំមហារីក។ ដុំស្លូតកម្រមានការគម្រាមកំហែងដល់ជីវិតណាស់ និងមិនមានការរាលដាលទៅផ្នែកដទៃទៀតនៃរាងកាយទេ។ គេអាចវះកាត់យកដុំនេះចេញបាន ប៉ុន្តែមិនមែនតែងតែចាំបាច់ត្រូវតែធ្វើដូច្នេះទេ។ ផ្ទុយទៅវិញដុំសាហាវច្រើនតែមានការឈ្លានពាន ទៅដល់ជាលិកានិងសរីរាង្គជិតខាង ធ្វើអោយមានជម្ងឺរាលដាល។ 

មូលហេតុនៃជម្ងឺមហារីក 

ជម្ងឺមហារីកកើតឡើងពីកោសិកាតែមួយគត់។ ការបំប្លែងពីកោសិកាធម្មតាទៅជាកោសិកាដុំ គឺជាដំណើរការជាច្រើនដំណាក់កាលមួយដែលមានការវិវឌ្ឍពីដំបៅត្រៀមមហារីក (Pre-cancerous lesion) ទៅជាដុំសាហាវ (Malignant tumors) ។ 
ការផ្លាស់ប្តូរទាំងនេះគឺជាលទ្ធផលនៃអន្តរកម្មរវាងកត្តាហ្សែនរបស់មនុស្សជាមួយនឹង កត្តានៃអន្តរកម្មរវាងកត្តាហ្សែនរបស់មនុស្សជាមួយនឹងកត្តាខាងក្រៅ៣ប្រភេទដែលរួមមាន៖

  • សារធាតុរូប (Physical carcinogens) (ឧ៖ កាំរស្មី ultraviolet និងកាំរស្មីវិទ្យុសាស្ត្រ)
  • សារធាតុគីមី (chemical carcinogens) (ឧ៖ asbestos ផ្សែងបារី សារធាតុកខ្វក់ក្នុងអាហារ និង arsenic (សារធាតុកខ្វក់ក្នុងទឹកផឹក))
  • សារធាតុជីវសាស្ត្រ (Biological carcinogens) (ឧ៖ ការបង្ករោគដោយសារវីរុស បាក់តេរីឬប៉ារ៉ាស៊ីត) 


ឧទាហរណ៍ខ្លះៗនៃការបង្ករោគដែលទាក់ទងជាមួយនឹងជម្ងឺមហារីកមួយចំនួនមានបង្ហាញ នៅក្នុងតារាងខាងក្រោមនេះ៖
 

វីរុស បាកតេរី ឬប៉ារ៉ាស៊ីត
ទាក់ទងនឹង
Hepatitis B (Virus)
Human Papilloma Virus (HPV)
Human Immunodeficiency Virus (HIV)
Helicobacter Pylori (Bacteria)
Schistosomiasis (parasite)
មហារីកថ្លើម
មហារីកមាត់ស្បូន
Kaposi sarcoma
មហារីកក្រពះ
មហារីកតម្រងនោម






ការមានវ័យចំណាស់គឺជាកត្តាសំខាន់មួយទៀតនៃការកើតជម្ងឺមហារីក។ អត្រាកើតជម្ងឺ មហារីកមានការកើនឡើងទៅតាមអាយុ ព្រោះកត្តាដែលនាំឲ្យមានការប្រឈមនឹងជម្ងឺមហារីក មួយចំនួនមានការកើនឡើងទៅតាមអាយុ។ ម្យ៉ាងទៀត យន្តការនៃការជួសជុលកោសិកា នឹងមិនសូវមានប្រសិទ្ធភាពនៅពេលមនុស្សយើងមានវ័យកាន់តែចាស់។

នៅប្រទេសខ្លះដូចជាប្រទេសកម្ពុជាជាដើម កត្តាគ្រោះថ្នាក់មុខគេមួយចំនួននៃការប្រឈម នឹងការកើត មហារីកមាន៖

  • ការជក់បារី
  • ការផឹកស្រាការបរិភោគបន្លែនិងផ្លែឈើតិច
  • ការបង្ករោគរ៉ាំរ៉ៃដោយវីរុសជម្ងឺរលាកថ្លើមប្រភេទ B ប្រភេទ C និងដោយប្រភេទខ្លះនៃ Human papilloma virus (HPV)

ជម្ងឺមហារីកដែលបានធ្វើរោគវិនិច្ឆ័យញឹកញាប់បំផុតនៅប្រទេសកម្ពុជា៖

  • មហារីកដោះ
  • មហារីកមាត់ស្បូន
  • មហារីកក្រពះ-ពោះវៀន (ដូចជា មហារីកបំពង់អាហារ ក្រពះនិងមហារីកពោះវៀនធំ
  • មហារីកសួត (មានការពិបាកក្នុងការឆាប់ធ្វើរោគវិនិច្ឆ័យ និងពិបាកព្យាបាល) ជាញឹកញាប់វាបង្ហាញឡើងដោយមានការក្អករយៈពេលយូរ ក្អកមានធ្លាក់ឈាម និងពិបាកដកដង្ហើម។ ការជក់បារីទទួលខុសត្រូវប្រហែល ៩០% នៃការស្លាប់ដោយសារជម្ងឺមហារីកសួតសរុប។

រោគសញ្ញាទូទៅនៃជម្ងឺមហារីក 

រោគសញ្ញានៃជម្ងឺមហារីកមានភាពខុសៗគ្នា អាស្រ័យលើប្រភេទនៃជម្ងឺ។ នៅពេលមហារីក វិវឌ្ឍន៍ដល់ដំណាក់កាលធ្ងន់ធ្ងរ រោគសញ្ញាញឹកញាប់អាចមានដូចជាការស្រកទម្ងន់ គ្រុនក្តៅ និងការអស់កម្លាំង។ រោគសញ្ញាទាំងនេះគឺជារោគសញ្ញាមិនជាក់លាក់ដែលទំនងជាទាក់ទង នឹងជម្ងឺស្រាលៗដទៃទៀតជាងជម្ងឺមហារីក។

  • ការអស់កម្លាំងអូសបន្លាយ៖ ការអស់កម្លាំងគឺជារោគសញ្ញាញឹកញាប់បំផុតមួយនៃជម្ងឺ មហារីក។ វាច្រើនតែកើតឡើងនៅពេលជម្ងឺមហារីកស្ថិតក្នុងដំណាក់កាលដំបូងៗ នៃជម្ងឺមហារីកខ្លះដែរ។ ភាពស្លេកស្លាំងតែងតែកើតមាន ក្នុងករណីជាច្រើននៃជម្ងឺ មហារីកជាពិសេសប្រភេទដែលប៉ះពាល់ដល់ពោះវៀន។
  • ការស្រកទម្ងន់ដោយអចេតនា៖ ខណៈដែលការស្រកទម្ងន់ដោយមិនចាំបាច់ប្រឹងប្រែង អាចជារឿងដ៏ល្អមួយក៏ដោយ ក៏វាអាចជារោគសញ្ញារបស់ជម្ងឺផ្សេងៗដូចជាមហារីកជាដើម។ ការមានការស្រកទម្ងន់ប្រហែល ៤.៥គ.ក្រ ឬច្រើនជាងនេះ ដោយអចេតនាគួរតែ ទៅជួបគ្រូពេទ្យ។ ការស្រកទម្ងន់បែបនេះអាចកើតឡើងដោយមានឬគ្មានការបាត់បង់ចំណង់ បរិភោគអាហារ។

ការបង្ការបឋមនិងការបង្ការបន្ថែម 

ការបង្ការបឋម

ការបង្ការបឋមពាក់ព័ន្ធនឹងការលើកទឹកចិត្តសាធារណជន ឲ្យប្រកាន់យកឥរិយាបថដែលនាំ ឲ្យមានសុខភាពល្អដូចជា៖

  • មិនជក់បារី។ បើអ្នកជក់សូមបញ្ឈប់វា។
  • ព្យាយាមបរិភោគបន្លែនិងផ្លែឈើផ្សេងៗរៀងរាល់ថ្ងៃ។ ដាក់កម្រិតលើការបរិភោគអាហារខ្លាញ់ (អាហារដែលចម្អិនដោយប្រើ ប្រេងឬខ្លាញ់សត្វ)។
  • បញ្ចេញសកម្មភាពរាងកាយយ៉ាងស្វាហាប់ ខ្លះៗរៀងរាល់ថ្ងៃ។
  • ដាក់កម្រិតការពិសាស្រា ត្រឹម២កែវតូចក្នុង១ថ្ងៃសម្រាប់បុរស ឬ១កែវតូចក្នុង១ថ្ងៃសម្រាប់ស្រ្តី។ 


ការបង្ការបន្ថែម៖ ការឆាប់រកឃើញជម្ងឺមហារីក

សមាសធាតុពីរយ៉ាងនៃការឆាប់រកឃើញជម្ងឺមហារីកគឺការអប់រំនិងការស្រាវជ្រាវរកជម្ងឺ៖

  • បុគ្គលិកសុខាភិបាលអាចជួយអប់រំប្រជាពលរដ្ឋឲ្យចេះសម្គាល់រោគសញ្ញាដំបូងៗនៃជម្ងឺ មហារីកនិងការស្វែងរកការព្យាបាលភ្លាមៗពីគ្រូពេទ្យទៅលើរោគសញ្ញានានា ដែលអាចមានដូចជា៖

·         ការមានដុំឬហើម (ជាពិសេសនៅក្នងដោះ)

·         ការមានដំបៅដែលមិនជាសះស្បើយ (ទោះបីមានការព្យាបាលធម្មតាក៏ដោយ)

·         ការប្រែប្រួលថ្មីៗនៅឬស/ប្រជ្រុយ៖ ការហូរឈាម ។ល។

·         ធ្លាក់ឈាមឬទឹករអិលខុសធម្មតា៖ ពីផ្លូវបន្តពូជ

·         ការប្រែប្រួលទម្លាប់នៃការនោមនិងការបន្ទោរបង់លាមក៖ ប្រសិនបើលើសពី ២សប្តាហ៍

·         ការក្អកឬការមានសំឡេងស្អក៖ អូសបន្លាយជាពិសេសចំពោះអ្នកជក់បារី

·         ការពិបាកលេបឬការពិបាករំលាយអាហារ៖ លើសពី២សប្តាហ៍

  • ការពិនិត្យស្រាវជ្រាវរកជម្ងឺ (Screening) គឺសំដៅលើការប្រើប្រាស់តេស្តនិងការពិនិត្យយ៉ាងសាមញ្ញនៅក្នុងចំណោមប្រជាពលរដ្ឋដែល មានសុខភាពល្អធម្មតា។ ការស្រាវជ្រាវនេះអាចរកឃើញអ្នកដែលមានជម្ងឺ ប៉ុន្តែមិនទាន់មាន រោគសញ្ញានៅឡើយ។ ឧ៖ ការស្រាវជ្រាវរកជម្ងឺមហារីកដោះ រួមមាន ការពិនិត្យគ្លិនិកទៅ លើដោះនិងការពិនិត្យដោយខ្លួនឯង ហើយការស្រាវជ្រាវរកជម្ងឺមហារីកមាត់ស្បូន រួមមាន ការពិនិត្យមើលដោយភ្នែក និងការពិនិត្យកំណៀរមាត់ស្បូន។ 

ជោគវាសនា ការព្យាបាលនិងការថែទាំ 


ការព្យាបាលមានគោលបំណងព្យាបាលឲ្យជាសះស្បើយ ពន្យារជីវិតនិងកែលម្អគុណភាព ជីវិតរបស់អ្នកជម្ងឺ។ ប្រភេទខ្លះនៃប្រភេទជម្ងឺមហារីកដែលកើតឡើងញឹកញាប់បំផុត ដូចជា មហារីកដោះ និងមហារីកមាត់ស្បូន មានអត្រាព្យាបាលជាសះស្បើយខ្ពស់នៅពេលឆាប់រកឃើញ និងបានព្យាបាលយ៉ាងល្អ។ 


តើជម្ងឺមហារីកទាំងអស់សុទ្ធតែមានជោគវាសនាអាក្រក់ឬ?

មហារីកមានកិត្តិសព្ទជាជម្ងឺសម្លាប់ជីវិត ប៉ុន្តែវាមិនមែនតែងតែពិតនោះទេជាពិសេស ប្រសិនបើវាត្រូវបានឆាប់រកឃើញ។ ការដែលល្អគឺថាការឆាប់រកឃើញ និងការឆាប់ព្យាបាលបាន កែលម្អអត្រារស់រានរបស់អ្នកជម្ងឺ។ មានកត្តាមួយចំនួនត្រូវបានប្រើប្រាស់ដើម្បី បញ្ជាក់ពីការ ព្យាបាល ដោយជោគជ័យនិង​ឱកាសនៃការជាសះស្បើយ ដូចជា៖

  • ទីតាំងនៃដុំមហារីក និងចម្ងាយដែលវាបានរាលដាល
  • តើដុំនោះគឺជា  Hormone receptor-positive Negative
  •  កត្តាហ្សែន
  • ទំហំនិងទ្រង់ទ្រាយនៃដុំ
  •  អត្រានៃការបំបែកកោសិកា
  •  កត្តាជីវសាស្ត្រ 

ទីតាំងនិងរោគសញ្ញាញឹកញាប់នៃការរាលដាលរបស់ជម្ងឺមហារីក

  • ខួរក្បាល៖​ ឈឺក្បាល ប្រកាច់ វិលមុខ
  • ប្រដាប់ដកដង្ហើម៖ ក្អក ក្អកធ្លាក់ឈាម ហត់
  • ប្រព័ន្ធកូនកណ្តុរ៖ កូនកណ្តុររីកធំ
  • ថ្លើម៖ ថ្លើមរីកធំ ការកើតលឿង
  • ឆ្អឹង៖ ការឈឺចាប់ ការបាក់ឆ្អឹង ការគាបសង្កត់លើខួរឆ្អឹងខ្នង

វិធីព្យាបាលចម្បងៗមានដូចជាការវះកាត់ ការព្យាបាលដោយវិទ្យុសាស្ត្រ និង/ឬការព្យាបាល ដោយប្រើសារធាតុគីមី។ វិធីដែលត្រូវប្រើគឺអាស្រ័យលើទីតាំងនិងកម្រិតនៃដុំមហារីក និងដំណាក់ កាលនៃជម្ងឺ ព្រមទាំងសភាពទូទៅនៃសុខភាពរបស់អ្នកជម្ងឺ។ ប្រសិទ្ធភាពនៃការព្យាបាលដោយ សារធាតុគីមីច្រើនតែត្រូវបានកម្រិតដោយជាតិពុលរបស់វាដល់ជាលិការដទៃទៀតក្នុងរាងកាយ។ វិទ្យុសាស្ត្រក៏អាចបណ្តាលឲ្យខូចខាតជាលិកាធម្មតាផងដែរ។

ជាង៩០%នៃអ្នកជម្ងឺមហារីកអាចទទួលបានការធូរស្រាលពីការឈឺចាប់ និងបញ្ហាដទៃទៀតតាមរយៈការព្យាបាលសម្រន់។

ដកស្រង់និងសង្ខេបទាំងស្រុងចេញពីទស្សនាវដ្តីសុខភាព លេខ៤២ ខែសីហា ឆ្នាំ២០១០ ទំព័រ ៧-១៩។

No comments:

Post a Comment