Pages

Understanding About Breast Cancer


ជម្ងឺមហារីកដោះ



មហារីកដោះគឺជាជម្ងឺមហារីកដែលកើតឡើងនៅក្នុងជាលិកាដោះជាទូទៅគឺស្ថិតនៅបំពង់ទឹកដោះ (បំពង់ដែលនាំទឹកដោះទៅកាន់ក្បាលដោះ)និងក្រពេញទឹកដោះ (ក្រពេញដែលផលិតទឹកដោះ)។ វាជាជម្ងឺមហារីកដែលកើតញឹកញាប់បំផុតលើស្រ្តី និងជាជម្ងឺមហារីកដែលកើតញឹកញាប់បំផុត នៅក្នុងប្រទេសកម្ពុជា។


ជម្ងឺមហារីកដោះកើតឡើងនៅពេលកោសិកាដោះមួយចំនួនចាប់ផ្តើមលូតលាស់ខុសពីធម្មតា។ កោសិកាទាំងនេះមានការលូតលាស់លឿនជាងការលូតលាស់របស់កោសិកាធម្មតា។ កោសិកា ដែលប្រមូលផ្តុំទាំងនេះបង្កើតបានជាដុំមួយដែលអាចធ្វើការឆ្លងរាលដាល (metastasize) តាមរយៈដោះទៅប្រព័ន្ធកូនកណ្តុរ (lymph nodes) ឬផ្នែកដទៃទៀតនៃរាងកាយ។ ជម្ងឺមហារីក ដោះតែងតែចាប់ផ្តើមនៅកោសិកាបំពង់ទឹកដោះ។ វាក៏អាចចាប់ផ្តើមនៅក្នុងក្រពេញទឹកដោះ ឬនៅកោសិកាក្នុងដោះដែរ។


រោគសញ្ញានៃជម្ងឺមហារីកដោះមានដូចជាការមានដុំនៅក្នុងដោះឬនៅក្លៀក ការមានសារធាតុរាវ ហូរចេញពីក្បាលដោះ ឬការមានការប្រែប្រួលទំហំនិងរូបរាងនៃដោះ។ ស្រ្តីអាចឆាប់រកឃើញមាន មហារីកដោះតាមរយៈការពិនិត្យដោះដោយខ្លួនឯងជារៀងរាល់ខែនិងការពិនិត្យគ្លីនិកទៅលើដោះ។

 

កត្តាគ្រោះថ្នាក់នៃជម្ងឺមហារីកដោះ



មានកត្តា៣យ៉ាងដែលត្រូវធ្វើការស្វែងយល់៖
១. ប្រវត្តិក្រុមគ្រួសារអាចបង្កើនការប្រឈមគ្រោះថ្នាក់ក្នុងមួយជីវិតរបស់ស្ត្រីពី ២០% ទៅ ៩០% អាស្រ័យលើថាតើគាត់មានសាច់ញាតិដែលមានជម្ងឺនេះឬទេ និងថាតើគាត់លែងមានរដូវ ឬនៅក្នុងពេលធ្វើរោគវិនិច្ឆ័យ។ ប្រសិនបើសាច់ញាតិកម្រិតទី១ (ម្តាយ បង/ប្អូនស្រី កូនស្រី) របស់ស្ត្រីមានប្រវត្តិមានជម្ងឺមហារីកដោះ នោះការប្រឈមរបស់គាត់នឹងមានការកើនឡើងដល់ ២.៣។ ប្រសិនបើសាច់ញាតិកម្រិតទី២ (បង/ប្អូនជីដូនមួយ មីង) របស់គាត់ មានជម្ងឺនេះ នោះការ ប្រឈមរបស់គាត់នឹងការកើតជម្ងឺនេះដែរ​គឺកើនឡើងដល់១.៥។ នេះមានន័យថា គាត់មានការ ប្រឈមនឹងការកើតជម្ងឺមហារីកដោះ ១ដងកន្លះ ខ្ពស់ជាងស្រ្តីដែលគ្មានប្រវត្តិក្រុមគ្រួសារមាន ជម្ងឺនេះ។ ស្ត្រីដែលមានការប្រឈមខ្ពស់បំផុត គឺស្ត្រីដែលមានទាំងម្តាយនិងទាំងបង/ប្អូនស្រី កើតមហារីកដោះ។ គាត់ មានការប្រឈមនឹងជម្ងឺនេះ១៤។ ចំណាំ៖ ទោះបីប្រវត្តិក្រុមគ្រួសារគឺ ជាការសំខាន់ក៏ដោយ ការគ្មានប្រវត្តិក្រុមគ្រួសារ ក៏មិនអាចថាគ្មានជម្ងឺមហារីកដោះដែរ ហើយ ស្ត្រីភាគច្រើនមិនមានប្រវត្តិក្រុមគ្រួសារវិជ្ជមានទេ។

២. កត្តាបន្តពូជដែលបង្កើនការប្រឈមរបស់ស្ត្រីនឹងជម្ងឺមហារីកដោះមាន៖ ការប្រឈមយូរអង្វែង នឹង  endogenous estrogens (អរម៉ូនដែលត្រូវបានបញ្ចេញក្នុងពេលមានរដូវ) ដូចជាការឆាប់ មករដូវដំបូង ការអស់រដូវយឺតយ៉ាវ និង/ឬការមានកូនដំបូននៅអាយុច្រើន។


៣. របៀបរស់នៅគឺជាអ្វីដែលយើងជ្រើសរើស។ ដូច្នេះវាគឺជាអ្វីដែលយើងអាចផ្លាស់ប្តូរបាន។ វាជាការសំខាន់ ដែលគួរមានរបៀបរស់នៅមួយដែលអាចជួយបង្ការការងាយកើតជម្ងឺមហារីក។


ការបង្ការបឋម និង ការបង្ការបន្ថែម



ការបង្ការបឋម


ការបង្ការនេះគឺទាក់ទងជាមួយនឹងការអប់រំសុខភាព៖

  • លើកកម្ពស់ការប្រកាន់យករបៀបរស់នៅ ដែលមានសុខភាពល្អ ដោយមានរបបអាហារ ដែលនាំឲ្យមានសុខភាពល្អ ការធ្វើលំហាត់ប្រាណ និងការគ្រប់គ្រងលើការផឹកស្រា និង ទម្ងន់ខ្លួន។
  • លើកកម្ពស់ការបំបៅកូនដោយទឹកដោះឲ្យបានយូរបំផុតតាមដែលអាចធ្វើបាន។
ការបង្ការបន្ថែម


ការឆាប់រកឃើញ គឺជាវិធានការសំខាន់បំផុតក្នុងការគ្រប់គ្រងជម្ងឺមហារីកដោះ ដើម្បីកែលម្អលទ្ធផលនិងភាពរស់រាននៃជម្ងឺនេះ។ ការឆាប់រកឃើញ មានសមាសធាតុ២យ៉ាង៖​

  • ការពិនិត្យដោះដោយខ្លួនឯង។ ការស្គាល់ និងការសង្កេតមើលរោគសញ្ញានៃភាពមិនប្រក្រតី នៃដោះ ជាមួយនឹងរោគសញ្ញានៃជម្ងឺមហារីកដោះ (ការឆាប់ធ្វើរោគវិនិច្ឆ័យ) និង
  • ការពិនិត្យគ្លីនិកទៅលើដោះ។ ការស្រាវជ្រាវដើម្បីស្វែងរកបុគ្គលដែលមានភាពមិនប្រក្រតី នៅដោះដែលអាចជាមហារីក។

 

ការពិនិត្យដោះដោយខ្លួនឯង 



ពេលវេលាល្អបំផុតសម្រាប់ធ្វើការពិនិត្យដោះដោយខ្លួនឯងគឺនៅក្នុងកំឡុងពេល ៥-១០ថ្ងៃ បន្ទាប់ពីរដូវចាប់ផ្តើមមក។ ស្រ្តីដែលលែងមានរដូវអាចធ្វើការពិនិត្យដោះនៅពេលណាក៏បាន ប៉ុន្តែគួរធ្វើវានៅពេលដូចគ្នាៗ ជារៀងរាល់ខែ។


របៀបពិនិត្យដោះដោយខ្លួនឯង


ការមើល

  • ការពិនិត្យដោះដោយខ្លួ​នឯង គួរធ្វើនៅកន្លែងដែលមានពន្លឺល្អជានិច្ច។ ឈរឬអង្គុយនៅមុខ កញ្ចក់។ ទម្លាក់ដៃចុះឲ្យស្របដងខ្លួន។ ពិនិត្យរកមើលចំណុចស្បែកដែលខូច ប៉ោង ឬស្នាម ក្រហមនៅលើស្បែកដោះ ការហូរសារធាតុរាវចេញពីក្បាលដោះឬការប្រែប្រួលទំហំឬ ទ្រង់ទ្រាយដោះ។ រកមើលសញ្ញាដូចគ្នានេះ ដោយដាក់ដៃទាំងពីរច្រត់លើចង្កេះយ៉ាងមាំ បន្ទាប់មកលើកដៃទាំងពីឡើងលើឲ្យខ្ពស់។

ការស្ទាប

  • ដេកផ្ងារ សណ្តូកឲ្យត្រង់។ ដាក់កន្សែងបត់ឬខ្នើយ នៅពីក្រោមស្មាឆ្វេងរបស់អ្នកនៅពី ក្រោមឬនៅលើក្បាល។ អ្នកក៏អាចស្ទាបរកមើលការប្រែប្រួលក្នុងពេលឈរបានដែរ។

  • លាម្រាមដៃស្តាំទាំងអស់ឲ្យត្រង់ ស្ទាបថ្នមៗលើដោះខាងឆ្វេងដោយកុំសង្កត់ខ្លាំងពេក។ ធ្វើតាមវិធីណាមួយក្នុងចំណោមទាំង៣យ៉ាងដែលបានបង្ហាញនេះ។ បន្ទាប់មកទម្លាក់ដៃ ស្តាំចុះ ហើយធ្វើការពិនិត្យដោះម្ខាងទៀត។

ជ្រើសរើសវីធីមួយក្នុងចំណោមនេះ 

  •  រង្វង់មូល៖ ចាប់ផ្តើមពីកំពូលដោះរួចអូសម្រាមដៃយឺតៗជុំវិញផ្នែកខាងក្រៅ ជារាងរង្វង់មូល មួយយ៉ាងធំ។ នៅពេលអ្នកត្រឡប់មកដល់កំពូលវិញ រំកិលម្រាមដៃរបស់អ្នកមកកាន់តែជិត ក្បាលដោះ រួចអូសបន្លាយជារាងរង្វង់មូលតូចមួយ។ ធ្វើបែបនេះជារាងរង្វង់មូលតូចមួយ។ ធ្វើបែបនេះជារាងរង្វង់មូលកាន់តែតូចទៅៗរហូតទាល់តែបានពិនិត្យដោះទាំងមូល។

  • ខ្សែបន្ទាត់បញ្ឈរ៖ ចាប់ផ្តើមពីតំបន់ក្រោមដៃ។ អូសម្រាមដៃចុះក្រោមយឺតៗរហូតដល់ ផ្នែកខាងក្រោមដោះ។ រំកិលម្រាមដៃឲ្យកាន់តែចូលជិតក្បាលដោះ​រួចអូសវាត្រឡប់ឡើង ទៅលើវិញយឺតៗ ដោយប្រើចលនាដដែលៗ។ ធ្វើតាមលំនាំចុះឡើងៗរហូតសព្វដោះ ទាំងមូល។

  • ខ្សែបន្ទាត់បញ្ឆិតចូលក្នុង (Wedge) ចាប់ផ្តើមពីគែមខាងក្រៅនៃដោះ។ ស្ទាបពីក្រៅទៅ ក្បាលដោះ ដោយធ្វើម្តងមួយផ្នែក (មុំ)។ ធ្វើបែបនេះរហូតបានពិនិត្យដោះទាំងមូល។
 (រូបភាពជាឧទាហរណ៍) 



ទោះបីជ្រើសរើសលំនាំណាមួយក៏ដោយ ត្រូវប្រាកដថាបានពិនិត្យមើលក្បាលដោះផងដែរ។ ច្របាច់ក្បាលដោះស្រាលៗរួចពិនិត្យមើលក្រែងមានចេញសារធាតុរាវ។ ពិនិត្យមើលផ្នែកខាងលើ នៃទ្រូង និងខាងក្រោមក្លៀក៖ នៅកន្លែងទាំងនេះក៏មានជាលិកាដោះដែរ។  

ប្រសិនបើអ្នកសង្កេតឃើញមានរោគសញ្ញាណាមួយនៃខាងក្រោមនេះ​ឬមានការប្រែប្រួលអ្វីមួយ ក្នុងពេលធ្វើការពិនិត្យដោះដោយខ្លួនឯងត្រូវទៅជួបអ្នកបុគ្គលិកសុខភាព៖
  • ដុំ
  • ការហើម
  • ការក្រហាយនៅស្បែក
  • ការខូចស្បែក
  • ការឈឺចាប់
  • ក្បាលដោះលិបចូលក្នុង
  • ក្បាលដោះឬស្បែកដោះឡើងពណ៌ក្រហម
  • ប្រេះស្រកានៅក្បាលដោះឬនៅស្បែកដោះ
  • ការចេញសារធាតុរាវតាមក្បាលដោះ 

 

 ការពិនិត្យគ្លីនិកទៅលើដោះដោយបុគ្គលិកសុខាភិបាល 


  ខាងក្រោមនេះគឺជាជំហាននានាក្នុងការអនុវត្តការពិនិត្យគ្លីនិកទៅលើដោះ៖


ការមើល

  • អ្នកជម្ងឺដោះអាវចេញ រួចអង្គុយលើតុពិនិត្យហើយបុគ្គលិកសុខាភិបាលឈរពីមុខគាត់ ឬស្ត្រីអាចអង្គុយនៅលើកៅអីមួយហើយបុគ្គលិកសុខាភិបាលអង្គុយលើកៅអីមួយទៀត នៅទល់មុខគាត់។
  • ដូចគ្នានឹងការពិនិត្យដោះដោយខ្លួនឯងដែរ អ្នកជម្ងឺលើកដៃឡើងលើនិងដាក់ចុះវិញ និងច្រត់ដៃនៅចង្កេះនិងដាក់ដៃចុះក្រោម។


ការស្ទាប


  • អ្នកជម្ងឺនៅអង្គុយដដែល ឯបុគ្គលិកសុខាភិបាលស្ទាបនៅតំបន់ខាងលើឆ្អឹងដងកាំបិត នីមួយៗដើម្បីរកមើលដុំ។
  • បន្ទាប់មក បុគ្គលិកសុខាភិបាលយកកំភួនដៃស្តាំរបស់ខ្លួនទ្រពីក្រោមកំភួនដៃស្តាំរបស់ស្ត្រី ដែលបត់នៅត្រង់កែងដៃ។
  • បុគ្គលិកសុខាភិបាលស្ទាបនៅតំបន់ក្លៀកខាងឆ្វេងរបស់ស្ត្រី ដោយប្រាប់ស្ត្រីឲ្យបន្ធូរស្មាស្តាំ និងដៃស្តាំ ក្នុងពេលដែលអ្នកកំពុងទ្រកំភួនដៃស្តាំរបស់គាត់ដើម្បីសម្រួលឲ្យងាយស្ទាប បានកាន់តែជ្រៅនៅក្លៀកដើម្បីពិនិត្យរកមើលកូនកណ្តុរដែលរីកធំ។
  • បុគ្គលិកសុខាភិបាល អនុវត្តទម្រង់ការដូចគ្នានេះនៅក្លៀកខាងឆ្វេងទៀត។
  • បន្ទាប់មក ឲ្យស្ត្រីដេកផ្ងារ ដោយមានកល់ខ្នើយពីក្រោមស្មារស្ទាំនិងដាក់ដៃស្តាំរបស់គាត់ នៅពីក្រោមក្បាល។
  • ការពិនិត្យដំណើរការទៅដូចគ្នានឹងការពិនិត្យដោះដោយខ្លួ​នឯងដែរដោយប្រើម្រាមដៃ ដែលលាត្រង់ស្ទាបសង្កត់ពីស្រាលទៅធ្ងន់ តាមចលនាជារង្វង់មូល។ ត្រូវប្រាកដថាបាន ពិនិត្យដោះទាំងមូល។
  • ក្បាលដោះនិងតំបន់ពណ៌ខ្មៅជុំវិញក្បាលដោះជាកន្លែងដែលត្រូវបានស្ទាបក្រោយគេបង្អស់។

 

ការវាយតម្លៃអំពីប្រវត្តិជម្ងឺនិងការពិនិត្យរាងកាយ​ 


  • ការវិភាគកត្តាគ្រោះថ្នាក់៖ កត់សម្គាល់ពីប្រវត្តិនៃជម្ងឺមហារីកដោះ ឬការធ្វើ  Breast Biopsy កន្លងមក (ជាពិសេស អំពីការធ្វើ Biopsy ដែលបានបង្ហាញ atypical hyperplasia ) និង ប្រវត្តិនៃកត្តាប្រឈមនឹងជម្ងឺមហារីកដោះ (ឧ៖ អាយុប្រវត្តិមហារីកដោះក្នុងគ្រួសារ អាយុ ក្នុងពេលមករដូវលើកដំបូង អាយុក្នុងពេលមានផ្ទៃពោះលើកដំបូង អាយុក្នុងពេលអស់រដូវ ការផឹកស្រា និងការព្យាបាលដោយអរម៉ូន)។ ការមានវ័យចំណាស់ការមានប្រវត្តិមានជម្ងឺ មហារីកដោះ និងការមានប្រវត្តិសាចញាតិកម្រិតទីមួយមានជម្ងឺមហារីកដោះសុទ្ធតែត្រូវ បានបង្ហាញថាបានបង្កើនឱកាសនៃការមានដុំក្នុងដោះដែលការធ្វើ Biops បង្ហាញថាជាដុំ មហារីក។
  • កត់សម្គាល់អំពីទីតាំងច្បាស់លាស់របស់ដុំ និងអំពីវិធីដែលបានរកឃើញវាដំបូង (ដោយ ចៃដន្យនៅពេលពិនិត្យដោះដោយខ្លួនឯង ឬពេលធ្វើការពិនិត្យគ្លីនិក?)
  • កត់សម្គាល់អំពីរយៈពេលដែលវាបានកើតឡើង
  • ពិនិត្យររកមើលការហូរសារធាតុរាវពីក្បាលដោះ​
  • សួរអំពីរាល់ការប្រែប្រួលទំហំដោះ​
  • សួរថាតើដុំកើតឡើងហើយបាត់ទៅវិញក្នុងពេលមានរដូវមែនឬទេ? ដុំស្លូតប្រហែលជាអាច លេចឡើងកាន់តែច្បាស់នៅពេលមុនមករដូវ និងស្រកទៅវិញក្នុងដំណាក់កាល follicular phase

តាមលក្ខណៈគ្លីនិកវាមានការពិបាកក្នុងការពន្យល់ថាដុំដែលអាចស្ទាបប៉ះនោះមានន័យយ៉ាង ដូចម្តេចប៉ុន្តែវានឹងធ្វើឲ្យមានការព្រួយបារម្ភ បើវាមានលក្ខណៈដូចខាងក្រោមនេះ៖

  • រឹង
  • គ្រើម​
  • ដុំពកៗ (focal nodularity)
  • មិនស៊ីមេទ្រីជាមួយដោះម្ខាងទៀត
  • ជាប់ជាមួយស្បែកឬសាច់ដុំ

ដើម្បីពិនិត្យរកការប្រែប្រួលបន្តិចបន្តួច លើទ្រង់ទ្រាយនៃដោះ និងការជាប់របស់ស្បែកជាមួយដុំ ការពិនិត្យដោះត្រូវតែរួមបញ្ចូលនូវការវាយតម្លៃដោះដោយឲ្យអ្នកជម្ងឺឈរត្រង់ និងលើកដៃឡើង លើ។ វាយតម្លៃអំពីការស្អិតជាប់របស់ដុំជាមួយសាច់ដុំដោយការរកិលដុំនោះតាមបណ្តោយ សរសៃសាច់ដុំដោះ (pectoral muscles) ដោយឲ្យអ្នកជម្ងឺដាក់ដៃច្រត់ចង្កេះរបស់គាត់។ការពិនិត្យ ពេញលេញ គឺជាការពិនត្យដែលរួមមានការពិនិត្យនៅតំបន់ក្លៀក និងតំបន់ខាងលើឆ្អឹងដងកាំបិត ការពិនិត្យទ្រូងនិងកន្លែងឆ្អឹងដែលមានការឈឺចាប់និងការពិនិត្យពោះនិងបណ្តាញប្រសាទ។

 

គួរធ្វើអ្វីខ្លះបើមានដុំក្នុងដោះ?



ប្រសិនបើការពិនិត្យរាងកាយលើកដំបូងមិនអាចបញ្ជាក់អំពីវត្តមាននៃដុំទេ គួរប្រាប់ស្ត្រីនោះឲ្យ ត្រឡប់មកពិនិត្យតាមដានបន្តក្នុងរយៈពេល២ទៅ៣ខែក្រោយទៀត។ នៅពេលដែលដុំអាចត្រូវ បានបញ្ជាក់ហើយ ការពិនិត្យរាងកាយគួរផ្តោតសំខាន់ទៅលើកត្តាទាំងឡាយដែលអាចជួយញែក ឲ្យដាច់ពីគ្នារវាងដុំដែលជាមហារីកដោះនិងដុំស្លូត។ ដុំមហារីកគឺ៖

  • មានតែមួយ
  • មិនរំកិល ស្អិតជាប់នឹងទ្រូងឬស្បែក
  • ទំហំ២ស.ម
  • មានគែមមិនរាបស្មើ
  • មានសភាពរឹង

ទោះជាយ៉ាងណាក្តីចំពោះដុំដោយផ្ទាល់លក្ខណៈទាំងនេះមិនមែនតែងតែជាដុំសាហាវទេ។ ប្រសិនបើអ្នកឃើញដុំមួយដែលរឹងនិងមិនអាចរំកិលបាន និងមានគែមមិនរាបស្មើ អ្នកគួរបញ្ជូន អ្នកជម្ងឺទៅទទួលការវាយតម្លៃបន្តទៀតនិងធ្វើ biopsy ។ 


រោគសញ្ញានិងការរកឃើញផ្សេងៗទៀតនៃការពិនិត្យរាងកាយ ដែលត្រូវកត់សម្គាល់នៅធ្វើការ វាយតម្លៃទៅលើដុំក្នុងដោះរួមមាន៖

  • គែមជុំវិញដុំ៖ ដុំពកដែលមានគែមជុំវិញរាបស្មើល្អច្រើនតែជាដុំស្លូត។
  • ការឈឺចាប់ក្នុងដោះ៖ ទោះបីជាវាតែងតែគ្មានការឈឺចាប់ក្តី មហារីកដោះក៏អាចមានរួម ជាមួយការឈឺចាប់ដែរ។
  • ការចេញសារធាតុរាវពីក្បាលដោះ៖ ការហូរចេញសារធាតុរាវ គឺមិនសូវឃើញមានទេ ក្នុងជម្ងឺមហារីកហើយបើមានគឺមានតែម្ខាងប៉ុណ្ណោះ។
  • ការពិនិត្យដុំកូនកណ្តុរ៖ ពិនិត្យតំបន់ក្លៀក និងតំបន់ខាងលើឆ្អឹងដងកាំបិតដោយប្រុងប្រយ័ត្ន ដើម្បីរកមើលបញ្ហាដែលទាក់ទងជាមួយប្រព័ន្ធកូនកណ្តុរ។

 

ការតាមដានបន្តផ្នែកគ្លីនិក



ចំពោះស្ត្រីអាយុក្រោម៣៥ឆ្នាំដែលមានដុំក្នុងដោះដែលការពិនិត្យរាងកាយ មិនបានធ្វើឲ្យមានការ សង្ស័យថាជាដុំសាហាវ ជួនកាលវាជាការប្រសើរក្នុងការឲ្យស្ត្រីត្រឡប់មកវិញក្នុងរយៈពេល ៣ឬ១០ថ្ងៃបន្ទាប់ពីចាប់ផ្តើមមករដូវលើកក្រោយ ដើម្បីធ្វើការបញ្ជាក់ថាតើដុំនោះបាត់ទោវិញ ឬនៅ។ ប្រសិនបើដុំនោះនៅតែអាចស្ទាបប៉ះ អ្នកគួរបញ្ជូនទៅធ្វើការវាយតម្លៃបន្តនិងធ្វើbiopsy។ 

 

ការព្យាបាលសម្រន់



គោលដោនៃការព្យាបាលសម្រន់យ៉ាងសកម្មគឺដើម្បីកាត់បន្ថយរោគសញ្ញានៅកន្លែងជុំវិញដុំនោះ។ ការរួមបញ្ចូលគ្នានៃការវះកាត់និងការព្យាបាលដោយវិទ្យុសាស្ត្រគឺជាវិធីព្យាបាលទូទៅមួយ។

គុណភាពជីវិតនៃស្ត្រីភាគច្រើនដែលមានជម្ងឺដែលមានការរាលដាល (symptomatic metastatic disease) អាចទទួលបានផលប្រយោជន៍ពីការព្យាបាលសម្រន់ក៏សកម្មនិងអាចពន្យារការរស់រាន ទៀតផង។ ការព្យាបាលរោគសញ្ញា ជាពិសេសការបន្ថយការឈឺចាប់តែងត្រូវបានផ្តល់ រួមជាមួយនឹងការព្យាបាលសកម្ម ឬសម្រាប់អ្នកដែលមិនអាចទទួលការព្យាបាលសកម្ម។


ដកស្រង់និងសង្ខេបទាំងស្រុងចេញពីទស្សនាវដ្តីសុខភាពលេខ៤៣ ខែសីហា ឆ្នាំ២០១០ ទំព័រ ២០-៣៥។




No comments:

Post a Comment